(ត្បូងឃ្មុំ)៖ ការិយាល័យច្រកចេញចូលតែមួយ និងការរិយាល័យប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ ពិតជាមានសារ:សំខាន់បំផុត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែលឿន និងមានតម្លាភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេស ទទួលរាល់នូវពាក្យបណ្តឹង និងជួយសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ដោយមិនអស់កម្រៃ ជាចំនុចសំខាន់ ដែលពលរដ្ឋ ត្រូវការជាចំបាច់បំផុត ។
ថ្លែងលើកឡើងបែបនេះ ក្នុងឪកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងបរិវេណសាលាស្រុកត្បូងឃ្មុំ។
ក្នុងនោះមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកត្បូឃ្មុំ មេឃុំ មេភូមិ និងមន្ត្រីរាជការសរុបប្រមាណជាង២០០នាក់។
លោក ជាម ច័ន្ទសោភ័ណ ឲ្យដឹងថា យន្តការនៃច្រកចេញចូលតែមួយនេះ គឺដើម្បីផ្តល់សិទ្ធិសម្រេចនិងការទទួលខុសត្រូវកាន់តែច្បាស់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋ បាលថ្នាក់ក្រោមជាតិដែលជាតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤ វិស័យ។
ក្នុងនោះ មានវិស័យជំនាញ១០ ត្រូវបានប្រតិភូកម្មពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង វិស័យផ្ទាល់ចំនួន ៤ វិស័យ សរុបសេវារាយចំនួន ២១១ សេវាជូនប្រជាពលរដ្ឋ និងធានាដល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋមកទទួលសេវាផ្សេងៗ ។
លោក អភិបាលខេត្ត ឲ្យដឹងទៀតថា ចំពោះការិយាល័យប្រជាពលរដ្ឋ គឺបង្កើតឡើង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួលនិងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅ នឹងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ។
លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា រដ្ឋបាលស្រុកត្បូងឃ្មុំបានដាក់ឲ្យដំណើរការ ការិយា ល័យច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋចំនួន ១៣វិស័យ។
ហើយចាប់តាំងពីដាក់ឲ្យដំណើរការបណ្តោះអាសន្ន ការិយាល័យបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន ២,៦៧៤សេវា រកចំនូលបានជាង ១៩លានរៀល ៕ វិរៈ