(ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ អនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ បានកសាងអាគារមួយខ្នង និងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រមខេត្តត្បូងឃ្មុំ និងលោកជំទាវ ។
លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ឲ្យដឹងថា អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បូងឃ្មុំ ដំណើរការសាងសង់ជាដំណាក់ការបន្តបន្ទាប់ រហូតរួចស្ថាពរនៅថ្ងៃ ២០ ខែកក្កដា ឆ្នាំ២០១៩ អស់រយៈពេល ៣ខែ ២៦ថ្ងៃ ដោយចំំណាយថវិការអស់ប្រមាណជាង២ម៉ឺនដុល្លារ ដែលទទួលបានពីបុណ្យផ្កាសាមគ្គី និងសប្បុរសជនគ្រប់ទិសទី ដែលជាទឹកចិត្តមិនអាចកាត់ថ្លៃបាន។ ក្នុងនោះនៅខ្វះថ្លៃសម្ភារ:សាងសង់ជិត២ពាន់ដុល្លារ និងខ្វះសម្ភារៈបរិក្ខារការិយាល័យដើម្បីធ្វើការផងដែរ។
មានប្រសាសន៍ក្នុងឳកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ជាការពិតប្រទេសជាតិយើង មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ តែយ៉ាងណា ប្រជាជនមួយចំនួននៅតែប្រឈម និងរងគ្រោះដោយសារគ្រោះ មហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការជួយសង្រ្គោះភ្លាមៗឲ្យទាន់ពេលវេលា ហេតុនេះហើយទើបសាខាកាកបាទក្រហមខេត្ត បានបង្កើតឲ្យមានបណ្តាញអ្នកស្ម័គ្រចិត្តគ្រប់ ភូមិ / ឃុំ ដើម្បីត្រៀម ប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ប្រយោជន៍ជួយពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង ។ ជាក់ស្តែងនៅថ្ងៃនេះយើងបានសម្ភោធអាគា អនុសាខាស្រុកត្បូងឃ្មុំ ដើម្បីបង្ករភាពងាយស្រួលដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់បម្រើការងារជូនប្រជាពលរដ្ឋ ។
ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តមបណ្ឌិត ក៏បាន បញ្ជាក់ដែរថា សព្វថ្ងៃនេះប្រទេសជាតិយើងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ខណៈតាមផែនការយុទ្ធសាស្ត្រនៅឆ្នាំ ២០៣០ ប្រទេសកម្ពុជា និងក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកំរិតខ្ពស់ ហើយឆ្នាំ២០៥០ យើងនឹងក្លាយជាប្រទេសអ្នកមាន ។ តែយ៉ាងណាដើម្បីឲ្យប្រទេសជាតិទាំងមូលឈានដល់កំរិតនោះ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឲ្យបានដាច់ខាត ដោយកុំចាញ់ឧបាយកលជនអគតិមួយចំនួន ដែលព្យាយាម បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។
ឯកឧត្តមបណ្ឌិតបានសង្ឃឹមយ៉ាងមុតមាំ ក៍ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំទាំងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងបន្ថែមទៀត បន្ទាប់ពីអាគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ។
ជាមួយគ្នានោះ ចំពោះថ្លៃសម្ភារ:សាងសង់ដែលនៅខ្វះប្រមាណជិត២០០០ដុល្លារ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ និងលោកជំទាវ បានផ្ដល់ថវិការផ្ទាល់ខ្លួនដើម្បីបង្គ្រប់ ក៍ដូចជាផ្ដល់ជូនបន្ថែមនូវសម្ភារៈការិយាល័យមួយចំនួនរួមមាន កុំព្យូទ័រ តុ កៅអី ជាដើមផងដែរ។
ក្នុងពិធីនោះគណ:អធិបតី ក៍បានផ្តល់លិខិតសរសើរដល់ចៅអធិការតាមបណ្តាវត្តនានា ក្នុងស្រុកត្បូងឃ្មុុ និងនិមន្តព្រះសង្ឃ១០០អង្គរាប់បាត្រ ដោយមានការចូលរួមពីយាយតា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕