រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សំណេះសំណាល មន្ត្រីរាជការ បុគ្គលិក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ

  • 2.2ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ បុគ្គលិក និងកម្មករជុំវិញខេត្ត យ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានក្រើនរំលឹកពីសមិទ្ធផលនានា ដែលក្រសួងសម្រេចបានកន្លងមកទាក់ទង នឹងការផ្ដល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈដោយដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារអ៊ីអន កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗដល់មន្ត្រីរាជការ និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិន ពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានភាពប្រសើរឡើង។ លើសពីនេះទៅទៀត នាពេលខាងមុខនេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឆ្លងទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គម្រោងនេះ នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងប្រទេស តាមរយ:សម្រួលការដឹកជញ្ជូនទំនិញ និងកសិផល ជាពិសេសផ្សារភា្ជប់ទំនាក់ទំនងរវាងបងប្អូនប្រពលរដ្ឋពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ភាពរហ័សចំនេញពេលវេលានិងចំនេញថរិកា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំទាំងអស់ អនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តត្បូងឃ្មុំទាំងអស់ នូវពាក្យស្លោកពីរឃ្លាថា ៖ សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា និងមួយឃ្លាទៀតថា៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង៕

អត្ថបទទាក់ទង