រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អបអរសាទរ លោកយាយព្រំកួយ អាយុ៧៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ បានចាក់ទាំងវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានទាំងទទួលអំណោយពីសម្តេចតេជោ និងអភិបាលខេត្ត ខណៈជាជនចាក់វ៉ាក់សាំង ទី៩លាន

  • 409
  • ដោយ Admin

(ត្បូងឃ្មុំ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនជនទី៩លាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមរយៈលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

ជនទី៩លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ឈ្មោះ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ រូបគាត់បានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

ចំពោះអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន ថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគជាច្រើនផ្សេងទៀត រួមទាំងអំណោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នូវថវិការ១លានរៀល និងសម្ភារៈមួយចំនួនទៀត ក៏ដូចជាចែកថវិកាដល់ក្មេងៗ និងចាស់ជរានៅទីនោះផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន ក៏បាននូវនាំការផ្ដាំផ្ញើសាកសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ព្រំ កួយ ផងដែរ និងបានថ្លែងនូវការអបអរសាទរដែលលោកយាយ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន។

  នៅក្នុងឱកាសនោះដែរឯកឧត្តម បណ្ឌិតជាម ច័ន្ទសោភ័ណ ក្នុងនាមជាអភិបាលខេត្ត និងមន្រ្តីរាជការទូទាំងខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ ពិសេសបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដោយបាននាំយកវ៉ាក់សាំងការពារជំងឺកូវីដ.១៩ មកចាក់ជូនប្រជាពលរដ្ឋទូទៅដោយមិនគិតថ្លៃ ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អ្នកដែលបានចាក់វ៉ាក់សាំងផងដែរ ។

លោកយាយ ព្រំ កួយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យគាត់ទទួលបាននូវការចាក់វ៉ាក់សាំង ហើយថែមទាំងទទួលបានអំណោយដ៏ច្រើនបែបនេះថែមទៀតផង។ លោកយាយ ក៏សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕

អត្ថបទទាក់ទង