រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

សមិទ្ធផល ជាប្រវត្តិសាស្ត្រថ្មី លេីទឹកដីខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (ស្ពានភ្ជាប់និស្ស័យ) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

  • 832
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។ ក្នុងឳកាសនោះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរ ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាម ស្ពាននេះថាជាស្ពានភ្ជាប់និស្ស័យ។ នេះជាសមិទ្ធផលថ្មីមួយ និងជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តទាំង២«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» បានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក។ដោយឡែកផ្លូវជាតិលេខ «៧១ស៊ី (C)» ដែលបើកការដ្ឋានសាងសង់នាថ្ងៃនេះ តភ្ជាប់ពីស្រុកត្បូង ខេត្តត្បូងឃ្មុំ ទៅស្រុកចម្ការលើ ខេត្តកំពង់ចាម ប្រវែងជិត ១១៥គីឡូម៉ែត្រផងដែរ។ផ្លូវនេះ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ផ្លូវមួយខ្សែនេះ នឹងប្រើប្រាស់ពេលសាងសង់ចំនួន ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលគ្រោងចំណាយថវិកាសាងសង់ថវិកាជិត ១៣០លានដុល្លារ៕

អត្ថបទទាក់ទង