នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៧ ខៃវិច្ឆិកា ឆ្នាំ ២០២១ " អគារពិនិត្យជំងឺទូទៅ តេជោសែន តំបែរ " ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារគណបក្សចុះមួលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាល អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងកសក រដ្ឋបាលស្រុកតំបែរ ប្រធានមន្ទីរ អង្គភាព និងការចូលរួមពីគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់។ " អគារពិនិត្យជំងឺទូទៅ តេជោសែន តំបែរ " ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ហើយបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានផ្ទៃក្រឡាទំហំ ១ ៥៨៦,២០ម៉ែត្រក្រឡា កម្ពស់ ៣ជាន់ អាចទទួលអ្នកជំងឺសម្រាកព្យាបាល ៨០គ្រែ បំពាក់ឧបករណ៍ សម្ភារៈ បរិក្ខាពេទ្យ គ្រឿងសង្ហារឹម សួនច្បារស្រស់ស្អាត ដោយចំណាយថវិកាសរុប ៤១៤ ៣៥៨ដុល្លាអាមេរិក។