រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានប្រសាសន៍ថា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> សកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ

  • 452
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា លោកចងចាំមិនភ្លេចរាល់សកម្មដ៍ប្រពៃ និងណែនាំឲ្យមន្ត្រីកាកបាទក្រហមទាំងអស់ អនុវ្តតន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> នោះសកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានថ្លែងបែបនេះទៅកាន់សមាជិកសមាជិកា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាយក-នាយករងសាខា អនុសាខាស្រុក/ក្រុងទាំង៧ ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមខេត្ត។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមទូទាំងខេត្តត្បូងឃ្មុំ ដែលបានបំពេញសកម្មភាពមនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាង ដើមី្បជួយជនរងគ្រោះ និងងាយរងគ្រោះ ពិសេសខណៈដែលប្រទេសជាតិបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវិដ-១៩។

ឯកឧត្តមបណ្ឌិត ក៏បានប្ដេជ្ញាថា ខិតខំអនុវត្តឲ្យបានជោគជ័យតាមយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនងាយគ្រោះ និងជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។
បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ ក្នុងឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានខិតខំប្រឹងប្រែងអនុវត្តការងារមនុស្សធម៌ដល់មូលដ្ឋានផ្ទាល់ ទៅលើវិស័យស្នូលទាំង៤ និងបុព្វហេតុរដ្ឋបាល រួមមាន ៖ វិស័យស្នូលទី១ ការគ្រប់គ្រងគ្រោះមហន្តរាយ វិស័យស្នូលទី២ សុខភាព និងការថែទាំសុខភាពសហគមន៍ វិស័យស្នូលទី៣ លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ វិស័យស្នូលទី៤ ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងទី៥បុព្វហេតុរដ្ឋបាលនិងផ្សេងៗ៕

អត្ថបទទាក់ទង