រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

  • 390
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀន និងបានចូលនិវត្តន៍ទាំងអស់ ដែលចំណាយពេលវេលាអស់១ជីវិត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ទង្វើដ៍ប្រពៃនេះ បានដក់ជាប់ក្នុងបេះដូងឯកឧត្តមបណ្ឌិតជាដ៏រាប ក៍ដូចជាឪពុកម្តាយ អាណាព្យាបាល និងពលរដ្ឋទូទាំងប្រទេស។

ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាមាន សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី ដែលបន្ទាប់ពីនាំកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាម បន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃ និងបន្តទៅអនាគត ទាំងនេះគឺសុទ្ធសឹងចូលរួមផ្តើមចេញពីកត្តាធនធានមនុស្ស ដែលក្មួយៗសិស្សានុសិស្ស ក្រេបជញ្ជក់ចំណេះដឹង សីលធម៍ សុជីវធម៍ ពីលោកគ្រូអ្នកគ្រូ នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន។

មានប្រសាសន៍បែបនេះ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីភាព បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សានៅទូទាំងខេត្តត្បូងឃ្មុំ ។

ពិធីនេះប្រារព្ធធ្វើឡើងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន-អនុ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរនានាជុំវិញខេត្ត ដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណ ១០៣៨នាក់។

នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងឱកាសបើកបវេសនកាល ឆ្នាំ២០២១-២០២២ ក៏ដូចជាបានអបអរសាទរ និងសោមនស្សរីករាយក្រៃលែង ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់កម្រិតសិក្សានៅវិទ្យាល័យនេះ ក៍ដូចជាគ្រប់សាលារៀន នៅទូទាំងខេត្តត្បូងឃ្មុំ នាការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃ តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ទើបវិស័យអប់រំ មានសន្ទុះរីកចម្រើន និងអភិវឌ្ឍ ពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត បានជំរុញឲ្យក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ជាទំពាំងគុណភាព ជាសសរទ្រូងប្រទេសជាតិ ចំណេះវិជ្ជាជាទុកដ៏មានតម្លៃសម្រាប់អនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល។

ជាមួយគ្នានេះដែរ បន្ទាប់ពីអាកខានការបើកបវេសនកាលសិក្សារយៈពេល០២ឆ្នាំកន្លងទៅដោយសារបរិបទជំងឺកូវីដ១៩ ដោយឡែកនាឆ្នាំនេះ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ ក៏ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យ និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការក្រើនរំលឹក ក៏ដូចជាអំពាវនាវជាថ្មីម្តងទៀត ដល់គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្ត តាមអភិក្រម“៣កុំ ៣ការពារ" ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការគាំទ្រសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩ផងដែរ។

បើតាមលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថានៅទូទាំងខេត្តត្បូងឃ្មុំ -មត្តេយសិក្សាដាច់ដោយឡែកមានចំនួន០៤កន្លែង ចែកចេញជា២១ថ្នាក់ សិស្សសរុប៥០៥នាក់ ស្រី២៤៦នាក់ មត្តេយ្យធនធានមាន០១កន្លែង និងមត្តេយ្យឯកជនមាន០៨កន្លែង -សាលាបឋមសិក្សាមានចំនួន ៤០៦កន្លែង ចែកចេញជា៥៣កម្រង ថ្នាក់ចំនួន ៣,១៩៣ សិស្សសរុប១០៧,២១២ ស្រី៥១,៦៦៨នាក់ -វិទ្យាល័យ មានសាលារៀនចំនួន២៨កន្លែង ស្មើនឹង៧៣៤ថ្នាក់ បន្ទប់៨៣៣ សិស្សសរុប ៣១,៩៩៤ ស្រី១៧,៦៩៥ គ្រូបង្រៀន១,២៨៤នាក់ និងអនុវិទ្យាល័យ មាន៥២កន្លែង ស្មើនឹង៣០១ថ្នាក់ បន្ទប់៤១៥ សិស្ស១៣,១៥១ ស្រី៧,១២៩នាក់ គ្រូបង្រៀន៥១៨នាក់។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានធ្វើការចែកលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនដែលចូលរួមជួយឧបត្តម្ភក្នុងការបើកបវេសនកាលពេលនេះ ចែកលិខិតសរសើរនិងអំណោយដល់លោកគ្រូ-អ្នកគ្រូ ដែលបានចូលនិវត្តន៍ ជាការលើកទឹកចិត្តក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ ដឹងគុណចំពោះគ្រូបង្រៀន ក៍ដូចជាចែកលិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់សិស្សពូកែ ក្នុងការខិតខំប្រឹងប្រែងសិក្សាផងដែរ៕

អត្ថបទទាក់ទង