រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ៖ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា

  • 510
  • ដោយ Admin

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន ២២២នាក់ នាសាលប្រជុំធំសាលាខេត្ត ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងទាំងបីនៃខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង-ស្រុក ក៏ដូចជាឃុំ-សង្កាត់ លើការអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងទាក់ទាញអ្នកវិនិយោគផងដែរ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមក ដើម្បីធ្វើការកែប្រែ ប្រកបទៅដោយសន្តិវិធី ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើមី្បជាទំនុកចិត្តរបស់ជាពិសេសគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា «ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាពីសាលាយោធា West Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៩, សាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០០២ ហើយទទួលបានបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol របស់ចក្រពភអង់គ្លេសក្នុងឆ្នាំ ២០០៧ និងមានចំណេះដឹង វិទ្យាសាស្ត្រនយោបាយ»។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់យ៉ាងច្បាស់ៗថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត, សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា»។

ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមទៀតថាជាការពិតណាស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្ដានុពល និងជា ឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយា សម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ពោលគឺពិតជា សក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ៕

អត្ថបទទាក់ទង