រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ចូលព្រះវស្សា! អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកត្បូងឃ្មុំ និងក្រុងសួង

  • 367
  • ដោយ Admin

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើនមុខ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌលវត្តចំនួន០២ គឺវត្តសីលារង្សី (ហៅវត្តថ្កូវ) ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងវត្តវិហារទន្ទឹម ស្ថិតក្នុងសង្កាត់សួង ក្រុងសួង។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងបុត្រ គឺជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាវត្តនានា ជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល ៣ខែនេះ។ពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ជូនឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ។ សូមបញ្ជាក់ថា៖ ទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅវេរប្រគេនវត្តទាំង០២ ក្នុងនោះវត្តសីលារង្សី (ហៅវត្តថ្កូវ) ប្រគេនទៀនវស្សា១គូ សាដកចំនួន៩ អង្ករ២០០គីឡូក្រាម មី១កេះធំ ទឹកក្រូច៥កេះ ភេសជ្ជៈបាកាស២កេះ ទឹកសុទ្ធ១៥កេះ ទឹកដោះគោ១០កំប៉ុង ស្ករស១០គីឡូក្រាម តែ៣ថង់ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ត្រីខ១កេះធំ អំបិល១០គីឡូក្រាម ព្រមទាំងជួយជួសជុលផ្លូវចូលវត្តប្រវែង១,៥០០ម៉ែត្រ និងថវិកាកសាងព្រះវិហារ៧លានរៀល។ សម្រាប់វត្តវិហារទន្ទឹម ប្រគេនអង្ករ១តោន ទឹកសុទ្ធ៥០កេះ ទឹកក្រូច១០កេះ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ មី ១០កេះ ស្ករស៥០គីឡូក្រាម តែ១០កញ្ចប់ ទឹកដោះគោ១កេះ អំបិល៥០គីឡូក្រាម ភេសជ្ជៈបាកាស៥កេះ និងស៊ីម៉ងដ៍៥០តោន ដើម្បីបន្តកសាងសាលាពុទ្ធិកសិក្សា១ខ្នងផងដែរ ៕

អត្ថបទទាក់ទង