រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៨ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

  • 319
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្ត បានលំអោនកាយចិត្តព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូម លើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ពោធិសម្ភារសម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូមបញ្ជាក់ថា ថ្ងៃសៅរ៍ ៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ គឺជាខួបលើកទី១៨ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕

អត្ថបទទាក់ទង