(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព ការផលិតទូក ង ដែលបានធ្វើពីឈើគគីរមានប្រវែង ២២ម៉ែត្រ៧តិក ស្ថិតនៅក្នុងបរិវេណវត្តខ្សាច់ប្រឆេះកណ្តាល ក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះគ្រូចៅអធិកាវត្ត ព្រះសង្ឃ មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក្រុមជាងនិងប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និង ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៍សំណេះសំណាល ដល់ក្រុមជាង ដែលកំពុងដំណើរការធ្វើទូក និងលើកទឹកចិត្តថា ជាមោទនភាពថ្មីមួយទៀត សម្រាប់ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប និងក៏ជាការរំលឹកឡើងវិញនៅប្រវត្តិដ៏យូរលង់នៅក្នុងការផលិត និងការប្រើប្រាស់ទូក របស់បុព្វបុរសខ្មែរតាំងពីសម័យបុរាណ របស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលបានប្រើប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី និងបានជួយតម្កើងកិត្យានុភាពជាតិ ជំរុញស្មារតីស្នេហាជាតិ សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សគឺដំណែលពីដូនតា។
ជាមួយគ្នានេះដែរ ការផលិតទូក ង នេះឡើងក៏បានបង្ហាញពិភពលោកឲ្យបានឃើញថាខ្មែរយើងអាចផលិតបាន ស្ដែងឲ្យឃើញពីការរួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងនៅទូក ង ចាប់តាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្ដងៗឡើងទៅ ។
បើតាមគណៈកម្មាការផលិតទូក ង បានបញ្ជាក់ថា ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ទូក ងនេះ ផលិតឡើងមានប្រវែង ២២ម៉ែត្រ៧តិក មានចំណុះ២២នាក់ ធ្វើពីដើមគគីរ ចំពោះដំណើរការធ្វើបានប្រមាណ២០ភាគរយហើយ ដោយឡែកចំពោះឈ្មោះ នឹងប្រសិទ្ធនាមនាពេលក្រោយ បន្ទាប់ពីបានផលិតរួចរាល់ជាស្ថាពរ៕