រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងច្រាំងបាក់ និងស្ថានភាពទឹកទន្លេមេគង្គ ដែលកំពុងហក់ឡើងជាបន្តបន្ទាប់ បណ្តាលឲ្យផ្ទះពលរដ្ឋ៣ខ្នងត្រូវបានរុះរើ

  • 141
  • ដោយ Admin

(ត្បូងឃ្មុំ)៖ អាជ្ញាធរមូលដ្ឋានស្រុកត្បូងឃ្មុំ បានរាយការណ៍ជូនអភិបាលខេត្ត មានផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានរុះរើចេញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយធម្មជាតិ បាក់ច្រាំងទន្លេ។

ភ្លាមៗនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានបញ្ជាឲ្យកម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ជួយរុះរើផ្ទះជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗផងដែរ ។

បន្ទាប់មក ឯកឧត្តម ប៉ែន កុសល្យ ក៏បានដឹកនាំក្រុមការងារចម្រុះចុះសួរសុទុក្ខបងប្អូនប្រជាពលរដ្ឋ ពិនិត្យដោយផ្ទាល់នៅទីតាំងច្រាំងបាក់ និងស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើងជាបន្តបន្ទាប់ ក៏ដូចជាជុំវិញផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេនេះ នៅភូមិទួលខ្សាច់ និងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អភិបាលស្រុកត្បូងឃ្មុំ ត្រូវពិនិត្យលទ្ធភាពជួយដោះស្រាយ ដោយធ្វើយ៉ាងជួយសម្រាលទុក្ខលំបាកបងប្អូន ក្នុងគ្រាមានអាសន្ននេះ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីជៀសវាងនូវគ្រោះអកុសលនានា ក្នុងគ្រាទឹកជន់ឡើងនេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ព្រមទាំងស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ។

គួរបញ្ជាក់ផងដែរថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ច្រាំងទន្លេបានបាក់ស្រុតចូលទន្លេជាបន្តបន្ទាប់ ដោយគ្រួសារខ្លះបានបង្ខំចិត្តរុះរើលំនៅដ្ឋានចេញ ទៅរស់នៅកន្លែងផ្សេង ខណៈឆ្នាំនេះច្រាំងនៅតែបន្តបាក់ ធ្វើឳ្យមានផ្ទះចំនួន ៣ខ្នងបន្ថែមទៀតត្រូវរុះរើចេញដើម្បីកុំឲ្យមានគ្រោះថ្នាក់៕

អត្ថបទទាក់ទង