រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីលែងកូនត្រីពូជចម្រុះជាង ២ម៉ឺនក្បាល ចូលទន្លេសិប្បនិម្មិត នៅទីរួមខេត្ត ដើម្បីបង្កើនពូជត្រី និងអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា

  • 173
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ទិវាមច្ឆជាតិ ១កក្កដា នៅខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តិទៅយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រីរាជការ យុវជន និងពលរដ្ឋ។

ពិធីនេះដឹកនាំនិងអញ្ជើញជាអធិបតីភាពពីសំណាក់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយបានប្រលែងកូនត្រីពូជចំរុះជាង២ម៉ឺនក្បាល ចូលអាងទឹកតាវ៉ាន់ ឬហៅថាទន្លេសិប្បនិម្មិត ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ទិវាមច្ឆជាតិ ជាព្រឹត្តិការណ៍លែងត្រីជាប្រពៃណី ទៅក្នុងដែនធម្មជាតិ ក្នុងគោលបំណងបង្កើនពូជត្រី ក្នុងធម្មជាតិ បំផុសគោលគំនិតអភិរក្សធនធានជលផល។

ឯកឧត្តម ប៉ែន កុសល្យ បន្ថែមថា ក្នុងវេលានេះ ជារដូវបិទនេសាទ ជារដូវត្រីពងកូន ដែលត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការចូលរួមអភិវឌ្ឍធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្មឱ្យកាន់តែធំ និងទូលំទូលាយ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា សម្រាប់ទន្លេសិប្បនិម្មិត ដែលបានលែងកូនត្រី ក្នុងឱកាសនេះ គឺមិនអនុញ្ញាតិឱ្យនេសាទដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ ដោយប្រែក្លាយទីនេះ ទៅជាតំបន់អភិរក្សរក្សាពូជត្រីចម្រុះ ដើម្បីជាប្រយោជន៍ សម្រាប់បងប្អូនប្រជាលរដ្ឋទាំងអស់គ្នា។

ក្នុងនោះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សាបរិស្ថានឱ្យបានស្អាតក្នុងបរិវេណបូរីរដ្ឋបាលខេត្ត ដើម្បីទាក់ទាញ ប្រជាពលរដ្ឋទាំង នៅក្នុងខេត្ត និងមកពីបណ្តា រាជធានី ខេត្ត នានាមកលេងកម្សាន្ត ព្រោះថាក្នុងបរិវេណបូរីរដ្ឋបាលខេត្ត ពិសេសជុំវិញបឹង និងអាងធម្មជាតិ ទាំង២ មានទេសភាព សោភ័ណភាព មិនចាញ់តំបន់ទេសចរណ៍ធម្មជាតិ តាមបណ្តាខេត្តនានាឡើយ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ចូលរួមថែរក្សាការពារធនធានធម្មជាតិ ធនធានជលផល អនុផល ជាពិសេសត្រូវចូលរួមចំណែកការពារបរិស្ថានតាមរយៈការថែក្សាអនាម័យនៅតាមលំនៅឋាន ទីកន្លែងសាធារណៈ និងស្នើរឱ្យប្អូនៗសិស្សានុសិស្សរក្សាអនាម័យ ចោលសំរាមក្នុងធុងសំរាម ដើម្បីរក្សាសុខភាពរបស់ខ្លួនយើង និងជួយដល់បរិស្ថានជុំវិញខ្លួនយើងផងដែរ។

បើតាមរបាយការរបស់លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កូនត្រីពូជសរុប ២ម៉ឺន១ពាន់ក្បាល ដែលលែងក្នុងពេលនេះរួមមាន កូនត្រីប្រា ត្រីឆ្ពិន ត្រីកាហែ និងកូនត្រីក្រាញ់។

លោក ហេង ពិសិទ្ធ ជម្រាបបញ្ជាក់ថា អាងទឹកនៅទីរួមខេត្តត្បូងឃ្មុំ ត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៥ ដោយបានខ័ណ្ឌចែកជា២ផ្នែក គឺផ្នែកខាងលើហៅថាអាងតាវ៉ាន់ ឬទន្លេសិប្បនិម្មិត មានទំហំ៤៥,៤ហិកតា ផ្ទុកទឹកបានចំនួន២,៩៥ម៉ែត្រគូប សម្រាប់ផ្តល់ទឹកស្អាតប្រើប្រាស់នៅក្នុងតំបន់រដ្ឋបាលខេត្ត និងផ្នែកខាងក្រោមហៅថា អាងសោភ័ណ ដែលមានទំហំ១៧ហិកតា ផ្ទុកទឹកបានចំនួន៣៤ម៉ឺនម៉ែត្រគូប ប្រើប្រាស់សម្រាប់រំដោះទឹកពីផ្នែកខាងលើ និងសម្រាប់ស្រោចស្រពដំណាំកសិកម្មក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ៕

អត្ថបទទាក់ទង