(ត្បូងឃ្មុំ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជិត៦០០នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុប នៅវិទ្យាល័យទាំង៣ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត ប្រធាននិងសមាជិក ស.ស.យ.កខេត្ត បានណែនាំឲ្យប្អូនៗជាសិស្សក្រោយចប់ថ្នាក់ទី១២ ដើម្បីជោគជ័យក្នុងការបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ ក៏ដូចជាប្រកបមុខរបរ និងការងារផ្សេងៗ ប្អូនៗត្រូវមាន៣ចំណុច ជាសំខាន់នោះគឺចំណេះជំនាញ កុំព្យូទ័រ និងភាសា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានប្រកាសលើកទឹកចិត្ត ដល់សិស្សានុសិស្សទី១២ទូទាំងខេត្តត្បូងឃ្មុំ ដែលខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ រហូតប្រលងបាក់ឌុបជាប់និទ្ទេសA នឹងទទួលបានកុំព្យូទ័រយួរដៃម្នាក់១គ្រឿង។
វិទ្យាល័យទាំង៣ដែលឯកឧត្តមបណ្ឌិត ចុះសំណេះសំណាលមាន៖ វិទ្យាល័យ ហ៊ុនសែន ក្តុលផ្សារ សិស្សរៀនវគ្គបំប៉ន ចំនួន៣២នាក់, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនមេមត់ សិស្សរៀនវគ្គបំប៉ន ចំនួន៤៤៥នាក់, និងវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ដារ ចំនួន៩២នាក់។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្អូនៗក្មួយសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីខ្លួន គ្រួសារ និងសង្គមជាតិ ដោយឡែកពេលទំនេរត្រូវលេងកីឡា ដើម្បសុខភាព ជាពិសេសត្រូវនិយាយថាទេ ចំពោះគ្រឿង មួយវិញទៀត ត្រូវគោរពច្បាប់ចរាចរគ្រប់គ្នា គឺជាគោរពដល់អាយុជីវិតខ្លួន និងអ្នកដទៃដូចគ្នា
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូបដែលចំណាយពេល ទាំងកម្លាំងកាយចិត្ត ដែលខិតខំបង្រៀនប្អូនៗ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឧបនាយករដ្ឋរដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានផ្តល់ថវិការ ដល់លោកគ្រូអ្នកគ្រូ បង្រៀនវគ្គបំប៉នទី១២នេះ គ្រប់វិទ្យាល័យទូទាំងខេត្ត ក៏ដូចជាទាំង៣សាលា ក្នុងស្រុកមេមត់ ដោយនាំយកថវិកាទៅចែកជូន នាពេលនោះផងដែរ៕ វិរៈ