
(ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន លើបញ្ហាបទល្មើស ធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ធ្វើយ៉ាងណាអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានដាក់ចេញនូវវិធានការបន្តសម្រាប់ខាងមុខនេះ សំដៅធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យទាំងក្នុងខេត្ត និងជាមួយប្រទេសជិតខាង។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនរួមមាន៖
-ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសនានា
-បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង តាមបណ្តោយព្រំដែន ដោយធ្វើការបង្កើនទំនាក់ទំនងល្អរវាងអាជ្ញាធរ និងអាជ្ញាធរ កងកម្លាំង និងកងម្លាំងជាមួយខេត្តជាប់ព្រំដែន
- ត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ជាប្រចាំដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្ត និងបទល្មើសឆ្លងដែន ព្រមទាំងបទល្មើសផ្សេងៗទៀត តាមបណ្តោយព្រំដែន
-គណៈបញ្ជាការឯកភាពស្រុកត្រូវប្រុងប្រយ័ត្ន និងត្រៀមបង្ការ ចំពោះទឹកជំនន់ដែលអាចកើតឡើងជាថ្មី ព្រមទាំងបូកសរុបរបាយការណ៍ អំពីផលប៉ះពាល់ និងការខូចខាតអំពីទឹក ជំនន់ជាប្រចាំរួចបញ្ជូនមករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលា
-និងត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមទីវត្តអារាម និងសន្តិសុខ សុវត្ថិភាព តាមលំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតាមដាននិងក្តាប់សភាពការណ៍ឱ្យបានសព្វជ្រុងជ្រោយ ក្នុងភូមិសាស្រ្តរបស់ខ្លួននិងរាយការណ៍មកថ្នាក់ខេត្តជាប្រចាំ ក្នុងន័យរក្សាឱ្យបាននូវសន្តិសុខសណ្តាប់សង្គម ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងខេត្តត្បូងឃ្មុំទាំងមូល៕






