(ត្បូងឃ្មុំ)៖ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ ២០,០០០នាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។
បងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះ ជាង២០០ឆ្នាំមកហើយ បើតាមលោកយាយ លោកតាដំណាលប្រាប់។
ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណ២០,០០០នាក់ដែលមកពីទីជិតឆ្ងាយ។
ទាំងនេះគឺដោយសារប្រទេសមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។
ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រីយកចំអិនហូបជុំគ្នារាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ លេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្ត ពីឯកឧត្តមអភិបាលខេត្ត និងលោកជំទាវផងដែរ។
សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរមិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ ។
ចំពោះការចាប់ត្រីពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា៖ អង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រីក្នុងពិធីនេះ ដោយតំបន់បឹងក្រមមានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ៕
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-%E1%9F%A2%E1%9F%A8.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-%E1%9F%A2%E1%9F%A4-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-%E1%9F%A2%E1%9F%A5-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-%E1%9F%A2%E1%9F%A2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-%E1%9F%A2%E1%9F%A1-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-%E1%9F%A2%E1%9F%A6-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-7.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-10.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2020/02/15-Cheam-Chansophorn-5.jpg)