រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី៣

  • 2.5ពាន់
  • ដោយ Admin

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី ៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៥ ត្រូវបានលើកឡើង រួមមាន៖
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ១២ អាណិត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍រីកចំរើនប្រចាំខែឧសភា ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល ១២ ខែ (ដបពីរខែ) លើកទី ២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
៤-ពិនិត្យ ពិភាក្សា លើគម្រោងសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រើអំពូល LED ដើរដោយថាមពលអគ្គិសនីនៅតាមផ្លូវជាតិ និងតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ
និងទី៥-បញ្ហាផ្សេងៗ។

នាឱកាសនោះ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម២៥លើ២៥សម្លេង។

ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក៍បានស្នើរឲ្យរៀបចំឲ្យបានត្រឹមត្រូវនូវប្រតិទិនប្រជុំ ឲ្យស្របទៅនឹងការបូកសរុបរបាយការណ៍ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីធ្វើយ៉ាងណាផ្តល់លក្ខណៈងាយស្រួលនៃការរៀបចំតាក់តែងឯកសារបានលឿន និងកាន់តែល្អបន្ថែមទៀត។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

បន្ថែមលើសពីនេះ ឯកឧត្តម ស៊ាក ឡេង បានជំរុញឲ្យរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ត្រូវពង្រឹង អនុវត្ត គោលនយោបាយភូមិ ឃុំ សុវត្ថិភាព គ្រប់ទីកន្លែង និងបញ្ហាប្រឈម ក៍ដូចជាសំណើរផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ជាពិសេសយុទ្ធនាការប្រយុទ្ធ និងការពាររលកទី ២ នៃការចម្លងវិរុស កូវីដ-១៩ នៅកម្ពុជា៕

អត្ថបទទាក់ទង