(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងអបអរសាទរ ដែលរដ្ឋបាលឯកភាពខេត្តត្បូងឃ្មុំ មានមន្ទីរជាសេនាអធិការផ្ទាល់គឺ មន្ទីរសុខាភិបាល ដោយបានជំរុញលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឱ្យបន្តបង្កើនការគ្រប់គ្រងគុណភាព នៃការផ្ដល់សេវាសុខភាពទាំង ផ្នែកសាធារណៈ និងឯកជន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឳកាស ឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរាជការ នៃសុខាភិបាលខេត្តត្បូងឃ្មុំជាច្រើនរូបទៀត នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងថា ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវដាក់ឲ្យដំណើរការ ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យខេត្តគ្រប់គ្រងវិញ ដែលនេះជាការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាផ្នែកមួយយ៉ាងសំខាន់ នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយនេះ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ លើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ហើយប្រធានមន្ទីរសុខាភិបាលក៏ត្រូវមានការទទួលខុសត្រូវ និង គណនេយ្យភាព ចំពោះក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅអោយរដ្ឋបាលខេត្ត។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ ក៍បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាល ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាល ភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍៕