(ត្បូងឃ្មុំ)៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
ពិធីចម្រើនមង្គលដ៍ថ្លៃថ្លានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមខេត្ត ក្រុង ស្រុក សមាជិកាសាខា យុវជនស្ម័គ្រកាកបាទក្រហម និងលោកយាយ លោកតា យ៉ាងច្រើនកុះករ នៅបរិវេណវត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ លោក លោកស្រី ព្រមទាំងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទ សាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ ជាមួយនឹងមនោសញ្ចេតនា កត្តញ្ញូកតា វេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ខ្ញុំម្ចាស់ចង់ចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រដ៏គួរឱ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្របវិស័យ ហើយដែលនេះជាព្រះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ដោយគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ពហរះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្របារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងទៅ។
ក្នុងឱកាសដ៏មហាប្រសើរ គណៈអធិបតី និងសមាជិកកាកបាទក្រហម ក៏បានប្រគេននូវទេយ្យទានដល់ ព្រះមេគណ ព្រះអនុគណខេត្ត ព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃចំនួន៧អង្គ មាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ មី និងបច្ច័យមួយចំនួន ព្រមទាំងចែកថវិការលោកតាលោកយាយ១០០នាក់ ក្នុងម្នាក់១មុឺនរៀលផងដែរ៕