
(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចម្រុះ រួមស្ថាប័នតុលាការ ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរស្រុកពញាក្រែក ធ្វើការចុះត្រួតពិនិត្យ និងបើកកិច្ចប្រជុំនៅសាលប្រជុំសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ពាក់ព័ន្ធនឹងបញ្ហាដីធ្លីតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកមេមត់ ដែលភាគីទាំងពីរមិនទាន់ធ្វើពិធីប្រគល់ទទួលនៅឡើយ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះដើម្បីផ្សព្វផ្សាយ និងពង្រឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ពិសេសពិនិត្យ ពិភាក្សារៀបចំដាក់ផែនការ សុំអនុសាសន៏ និងប្រតិបត្តិការទប់ស្កាត់ការទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់លើដីសំណល់ពីការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពញាក្រែក និងស្រុកមេមត់ ដែលភាគីទាំងពីរមិនទាន់ធ្វើពិធីប្រគល់ទទួលនៅឡើយនោះ។
ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យក្រុមការងារត្រូវកំណត់អត្តសញ្ញាណឲ្យបានជាក់លាក់នូវអ្នកតវ៉ាដោយខុសច្បាប់ អ្នកញុះញ៉ង់ និងមេខ្លោងដែលនៅពីក្រោយរឿងនេះ ដើម្បីឈានទៅវែកមុខយកមកចាត់ការទៅតាមនីតិវិធីច្បាប់ បញ្ចប់បញ្ហាឲ្យបានឆាប់ ព្រោះថានៅទីនេះជាចំនុចដ៍ក្តៅគគុក ដោយកន្លងមកអ្នកនយោបាយមួយចំនួនតូចនោះ បានយកទីតាំងនេះ ដើម្បីកេងចំនេញនយោបាយជារើយៗ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍សង្ឃឹមថា សេនាធិការររបស់ឯកឧត្តម ត្រូវមានទំនួលខុសត្រូវឲ្យបានច្បាស់លាស់ ដូចឯកឧត្តមបណ្ឌិត មានទំនួលខុសត្រូវចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាដូចគ្នា។ ដោយឡែក បើបងប្អូនប្រជាពលរដ្ឋដែលខ្វះដី និងមិនមានដីពិតប្រាកដនោះ ត្រូវស្នើសុំមករដ្ឋបាលខេត្ត ដើម្បីរៀបចំឲ្យបងប្អូននូវដីសម្បទានសង្គមកិច្ច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៍ឆ្នើម។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជូនកងកម្លាំងដែលឈរជើងប្រចាំការនៅតំបន់នោះមួយចំនួនផងដែរ ដែលជាការលើកទឹកចិត្តដល់បងប្អូនខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំជូនជាតិមាតុភូមិនៃយើង៕



