រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនពលរដ្ឋប្រភេទ Johnson & Johnson របស់ប្រទេសហរដ្ឋអាមេរិច ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូនរដ្ឋបាលខេត្ត ប្រមាណជិត១០ម៉ឺនដុស

  • 907
  • ដោយ Admin

(ត្បូងឃ្មុំ)៖ យុទ្ធនាការវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ប្រភេទចនសុនចនសុន (Johnson & Johnson) របស់ប្រទេសហរដ្ឋអាមេរិច ចំនួន៩៨.៤៨៥ដុស ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូនខេត្តត្បូងឃ្មុំ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកចំនួន៣ ដែលមានទីតាំងសំខាន់ៗចំនួន៣២ទីតាំង ក្នុងនោះរួមមាន៖ ស្រុកត្បូងឃ្មុំ ចំនួន១១ទីតាំង ស្រុកពញាក្រែក ចំនួន១០ទីតាំង និងស្រុកអូរាំងឪ ចំនួន១១ទីតាំង ខណៈក្រុង-ស្រុកចំនួន០៤ បានចាក់ជូនពលរដ្ឋរួចរាល់ផងដែរ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ប្រភេទ (Johnson & Johnson) នាឱកាសនោះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។

ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជម្ងឺកូវីដ-១៩បម្លែងថ្មី ប្រភេទដែលតា (delta) ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួន ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក៏មានអ្នកជម្ងឺឆ្លងចំនួន១២នាក់ ប៉ុន្តែបានជាសះស្បើយអស់ចំនួន១០នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរបន្តទៀត ក្នុងអាការៈល្អប្រសើរ។

សូមបញ្ជាក់ថា ៖ បើគិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តត្បូងឃ្មុំ អ្នកចាក់វ៉ាក់សាំងដូសទី២ មានចំនួនជាង៣៨.៧៤៥នាក់ហើយ និងដោយឡែកអ្នកកំពុងបានចាក់វ៉ាក់សាំងដូសលើកទី១ បានចំនួន៩៨.២៥៧នាក់៕

អត្ថបទទាក់ទង