(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ២កន្លែង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ។
ក្នុងដំណើរចុះពិនិត្យនោះ ពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ២ទីតាំង ក្នុងស្រុកក្រូចឆ្មារ រួមមានបឹងកន្តេរ និង ទំនប់ស្ទាក់ទឹកព្រែកតាកុច ជាទីតាំងប្រភពទឹកយ៉ាងសំខាន់នារដូវប្រាំង សម្រាប់ស្តុកទឹក និងបង្ហូរទឹកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាកសិករ ស្ថិតក្នុងស្រុកក្រូចឆ្មារ ។
ឯកឧត្តមបណ្ឌិត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញត្រូវសហការគ្នា ធ្វើយ៉ាងណាធានាទឹកឲ្យមានគ្រប់គ្រាន់ ចេញពីទីតាំងប្រភពទឹកទាំង២ខាងលើ សម្រាប់ស្តុកទុកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ពិសេសនារដូវប្រាំង ខណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ
ធានារាល់ការចំណាយទាំងអស់ ក្នុងការសាងសង់ និងជួសជុលទីតាំងទាំង២នេះ។
បន្ទាប់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក បន្តដំណើរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធសុខាភិបាលក្នុងស្រុកក្រូចឆ្មារ ចំនួន០៣ទីតាំង រួមមាន៖
១.ពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំក្រូចឆ្មារ
២.ពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងឃុំក្រូចឆ្មារ
៣.ពិនិត្យមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកំពង់ទ្រាស ឃុំកំពង់ទ្រាស៕







