ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុន បានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ សូមជួយសហការជាមួយក្រុមហ៊ុន បង្កលក្ខណៈងាយស្រួល ក្នុងការរុករករ៉ែមាស នៅតំបន់នេះ។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត បានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឳ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ៖ សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួនបានកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឳ្យបានសមរម្យ ។ ក្នុងនោះខាងក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីឳ្យពួកគាត់មានការងារធ្វើជៀសវាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម ។ ជាមួយគ្នានោះតំណាងក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តាផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណាឳ្យដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូន ព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នាទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា៕



