រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ខណៈនាំយកផ្លែមៀនប៉ៃលិន ជិត៦០តោន លក់ក្នុងតម្លៃខាតដើម ជួយដល់កសិករ អ្នកឧកញ៉ាឡេងណាវ៉ាត្រា បានឧបត្ថម្ភអង្ករ មៀន និងថវិកាមួយចំនួនធំ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ

  • 466
  • ដោយ Admin

រយៈពេល៣ថ្ងៃ ពីថ្ងៃ១២ ដល់ថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២១ ផ្លែមៀនប៉ៃលិន ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកមកលក់ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក្នុងតម្លៃខាតដើម ចំនួន៥៨តោន ក្នុងតម្លៃត្រឹមតែ ១.៩០០រៀល ក្នុង១គីឡូក្រាម ត្រូវបានលក់អស់ ដែលមានទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងថ្ងៃលក់ចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចុះពិនិត្យការលក់ដោយផ្ទាល់ និងបានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

ក្នុងជំនួបសំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលអ្នកឧកញ៉ា នាំយកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)មកលក់នៅខេត្តត្បូងឃ្មុំ និងស្វាគមន៍ជានិច្ចសម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងគោលបំណងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់មកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជម្រាបឲ្យដឹងថា យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មកលក់ក្នុងតម្លៃខាតដើមជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ គឺដើម្បីឱ្យអ្នករស់នៅទីនោះបានភ្លក់រសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

អ្នកជំនួញមានបេះដូងមនុស្សធម៌រូបនេះ បញ្ជាក់ថា ៖ «ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ មានការសាមគ្គីគ្នាដ៏រឹងមាំក្នុងគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថា ហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនយើងឡើយ» ។ ម្យ៉ាងទៀត បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះកម្លាំងអង្គរក្ស និងកម្លាំងយោធភូមិភាគ ៥ ចូលរួមជួយបេះជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន» ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្តែងនូវអំណអរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានផ្ដល់កន្លែងសម្រាប់ការលក់ផ្លែមៀនប៉ៃលិនផងដែរ ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃជួបសំណេះសំណាល ដើម្បីស្វែងយល់អំពីភូមិសាស្ត្រនៃខេត្តត្បូងឃ្មុំ ងាយស្រួលក្នុងការមកបណ្តាក់ទុនរកស៊ី លើវិស័យមួយចំនួន ។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញចុះពិនិត្យទីតាំងលក់ផ្លែមៀនប៉ៃលិន ក្នុងនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជួយទិញមៀនប៉ៃលិនចំនួន១តោន នឹង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភមៀនប៉ៃលិន ចំនួន៥តោន អង្គរ២០តោន និងថវិការចំនួន១០០លានរៀល ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕

អត្ថបទទាក់ទង