(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បន្តចុះសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី
ចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ជាង៨០គ្រួសារ ចំនួន២ភូមិ ភូមិទី១ និងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី២កេស និងថវិកា៥០.០០០រៀល ព្រមទាំងចែកជូនកងកម្លាំងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ១,៤០០,០០០រៀល ក្រុមគ្រូពេទ្យ ៧០មុឺនរៀល និងស.ស.យ.កផងដែរ។
ការចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយនាឳកាសនោះ មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងស.ស.យ.ក។
ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ«៣កុំ-៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។
សូមជម្រាបថា៖ អំណោយដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនរដ្ឋបាលស្រុកក្រូចឆ្មារ តាមរយៈឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន មី៤០០កេស អង្ករ៥តោន និងថវិកា៥០លានរៀល។
បន្ទាប់ពីចែកស្បៀងអាហារ និងថវិកាជូនពលរដ្ឋនៅតំបន់បិទខ្ទប់រួចមក នៅព្រឹកថ្ងៃដដែរនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានបន្តនាំយកថវិកា៧លានរៀល ក្នុងនោះថវិកាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ៥លានរៀល និង២លានរៀល របស់ឯកឧត្តមបណ្ឌិត និងលោកជំទាវផ្ទាល់
ប្រគេនព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្ត អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីផ្គត់ផ្គង់ចង្ហាន់ និងកសាងវត្តជាបន្ត ខណៈក្នុងគ្រាដែលតាមបណ្តាវត្តនានាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីបញ្ចៀសការរីករាលដាលជំងឺកូវីដ១៩៕













