រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

  • 386
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប្រេងសាំង និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការជួបជុំប្រារព្ធពិធីកាន់បិណ្ឌវេនទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត។

ជាមួយគ្នានេះ ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ។

បន្ថែមពីនេះនៅពេលទៅស្រុកកំណើត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំង ណែនាំសូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីការពារមិនឲ្យស្លាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ៕


អត្ថបទទាក់ទង