(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ
បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណិត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សារួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម២៥លើ២៥សម្លេង។
ថ្លែងនាពេលនោះ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។
ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្ត បានជំរុញឲ្យរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ត្រូវពង្រឹង អនុវត្ត គោលនយោបាយភូមិ ឃុំ សុវត្ថិភាព គ្រប់ទីកន្លែង និងបញ្ហាប្រឈម ក៍ដូចជាសំណើរផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ជាពិសេសយុទ្ធនាការប្រយុទ្ធនិងការពាររនៃការចម្លងវិរុសកូវីដ-១៩ នៅកម្ពុជា។
សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំសាមញ្ញនេះ មានចំនួន៦របៀបវារៈ ត្រូវលើកយកមកពិនិត្យ ពិភាក្សា និងអនុម័ត
១.សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត
២.សេចក្តីព្រាងរបាយការណ៍រីកចំរើនប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
៣. សេចក្តីព្រាងស្តីពីការដាក់ឲ្យអនុវត្តន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្ត
៤.សេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត
៥.ការតែងតាំងមន្ត្រីរាជការនៅសាលាខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមន្ទីរធនធានទឹកខេត្តនិងឧតុនិយមខេត្ត
៦.បញ្ហាផ្សេងៗ៕