នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅក្នុងភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញ ស្ថាប័នតុលាការ សប្បុរសជនជិតឆ្ងាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករ។
មានប្រសាសន៏ នាឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាអ្នកដឹកនាំដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំប្រទេសឲ្យចាកចេញពីភាពក្រីក្រ លំបាកតោកយ៉ាក មកកាន់ភាពសំបូរសប្បាយ រីកចម្រើនលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លើកតម្កើងឲ្យមានការប្រតិបត្តិសាសនា ដែលជាឫសគល់នៃសច្ចធម៌ក្នុងជីវិតរស់របស់បុគ្គលគ្រប់រូប។
ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ការប្រកាន់នូវសច្ចធម៌នេះហើយ ជាកត្តាដែលធ្វើឲ្យសម្តេចតេជោ សម្រេចសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចេញពីមាត់មច្ចុរាជ តាមរយៈកិច្ចខិតខំការពារ និងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងបានកៀរគរនូវធនធានពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យពលរដ្ឋរស់រានមានជីវិត ដែលចំណុចនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុល និយមមួយចំនួន ដែលប្រកាន់ខ្ជាប់នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិជាដុំកំភួនជាក់ស្តែងណាមួយទេ ក្នុងការជួយប្រជាជន និងកសាងប្រទេសជាតិ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថាក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុន កម្ពុជាបានប្រែមុខមាត់ថ្មីលើ គ្រប់វិស័យរួមមានជាអាទិ៍ ការគោរព ប្រតិបត្តិជំនឿសាសនា ត្រូវបានបើកទូលាយ ពលរដ្ឋមានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបានខ្ពង់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រីកដុះដាលដូចផ្សិត ហើយកម្ពុជាជាប្រទេសអធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឲ្យបានគ្រប់ៗគ្នា ព្រោះនេះជាខ្សែក្រវ៉ាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី។
មានប្រសាសន៏ នាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងដា តាមរយៈ«នយោបាយឈ្នះឈ្នះ»ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាស្ថាបនិក ជាមគ្គុទេសក៏ឯក និងជាប្រត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ដោយឡែកចំពោះសមិទ្ធផលមហាកុដិ ទំហំ ២១មX១២ម ចំណាយទឹកប្រាក់សរុបចំនួន ៩៥,០០០ដុល្លាអាមេរិក ដោយមានការចូលរួមឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ថវិកាសរុបចំនួន ៦៩,៥៦៩.៩០ដុល្លារ និងការជួយឧបត្ថម្ភពីសប្បុរសជន ពុទ្ធបរិស័ទ សរុបចំនួន ២១,៤៣០.១០ដុល្លារ សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាមនេះ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមរដ្ឋបាលខេត្ត សូមគោរពថ្លែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុត ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះគុណូបការៈ ដ៏ធំធេង មហាទិគុណ ប្រកប ដោយទឹកចិត្តស្មោះសរ ឆន្ទៈ មនសិការ ដ៏មោះមុត ផ្តួចផ្តើមគំនិតប្រកបដោយគតិបណ្ឌិត និងកសាងនូវសមិទ្ធផលវិស័យពុទ្ធចក្រ និងអាណាចក្រយ៉ាងច្រើនមហាសាលក្នុងខេត្តត្បូងឃ្មុំ។
តមកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញផ្តល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយស ជូនដល់លោកជំទាវម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ថ្នាក់ជាតូបការនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ក្នុងស្នាដៃចូលរួមកសាងទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាចែកសម្ភារៈសិក្សា ក្រណាត់ស និងថវិកាជូនសិស្សានុសិស្ស និងលោកតាលោកយាយដែលបានចូលរួម ព្រមទាំងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងទីអារាមមួយនេះ ចាប់ពីពេលនេះតទៅ៕