(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ចំនួន១២៦នាក់ និងបេីកការដ្ឋានបោសសម្អាតមីន ក្នុងស្រុកមេមត់ ព្រមទាំងបើកកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីនខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៌បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន <<បានផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម>> ក្នុងនោះអាជ្ញាធរមីន បានប្រគល់គម្រោងបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ ជូនដល់ប្រតិបត្តិករ NPMEC ធ្វើការបោសសម្អាតចំការមីន អោយអស់ក្នុងរយៈពេល៦ខែ ដើម្បីប្រកាសជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងពី សម្តេចតេជោ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់ថវិកាបោសសំអាតមីន, ពលរដ្ឋខេត្តត្បូងឃ្មុំដឹងគុណសម្តេចតេជោជាដរាប។
មានប្រសាសន៌នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ខេត្តត្បូងឃ្មុំ ជាខេត្តប្រវត្តិសាស្រ្ត ដែលសម្តេចតេជោ បានសម្រេចចិត្ត និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍កាលពីឆ្នាំ១៩៧៧ ហើយខេត្តត្បូងឃ្មុំ ក៏ជាខេត្តមួយដែលរងផលប៉ះពាល់ច្រើនដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យកងកម្លាំងរក្សាសន្តិភាព NPMEC ត្រូវបោសសម្អាត និងកម្ទេចគ្រាប់មីនឲ្យអស់ចេញពីទឹកដីដែលពោរពេញដោយប្រវត្តិសាស្រ្តនេះ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាព NPMEC ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងនាំយកទង់ជាតិកម្ពុជានៅឆាកអន្តរជាតិ ជាពិសេសចូលរួមផ្តល់នូវសុខសុវត្ថិភាព ផ្តល់សេចក្តីសុខ និងផ្តល់សុខដុមរមនាដល់ប្រទេសនិងប្រជាជនទាំងឡាយណា ដែលធ្លាប់រងគ្រោះដោយសារសង្រ្គាមដូចកម្ពុជា និងដល់ប្រទេសណាដែលមានតម្រូវការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រជាជនគ្រប់ទិសទី បានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីននៅឆ្នាំ២០២៥៕











