រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៣ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ “

  • 412
  • ដោយ Admin

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
បានអញ្ជើញជាអធិបតី ប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២២ ខួបលើកទី២៣ ក្រោមប្រធានបទ " សាមគ្គីភាពអន្តរជំនាន់ " នៅវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ក៏មាន ការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សមកពីសាលាវិទ្យាល័យចំនួន២២ ជុំវិញខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព ពីព្រោះយុវជនគឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតីដើម្បីក្លាយខ្លួនជាធនធាន មនុស្សប្រកបដោយគុណវុឌ្ឍក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិឱ្យបានរុងរឿង ថ្កើងថ្កាន។

ដូច្នេះយុវជនត្រូវតែមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមការងារសង្គមដោយចាប់ផ្តើមចេញពីខ្លួនឯងជាមុន។ ម៉្យាងទៀត យុវជនកម្ពុជា គឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិនៅពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្ដមបណ្ឌិត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់វ៉ាក់សាំងដុសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

បើតាមកាឲ្យដឹងពីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានលើកឡើងថា ដើម្បីចូលរួមក្នុងអភិវឌ្ឍធនធានមនុស្សដែលជាស្នូល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាន សរសរស្ដម្ភចំនួន៥៖ (១)ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន (២)ការពិនិត្យឡើងវិញនូវកម្មវិធី សិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា (៣)ការដាក់ឱ្យអនុវត្តធិការកិច្ច (៤)ការពង្រឹងរង្វាយតម្លៃការ សិក្សា និង(៥)ការកែទម្រង់ឧត្តមសិក្សា។

សូមជម្រាបថា ក្រោមគំនិតផ្តួចផ្តើមដំបូងនៃការប្រារព្ធ ទិវាអន្តរជាតិសម្រាប់យុវជន បានស្នើឡើងនៅឆ្នាំ១៩៩១ ដោយក្រុមយុវជនជួបប្រជុំគ្នា នៅទីក្រុងវីយែន (Vienne) ប្រទេសអូទ្រីស នៅក្នុងសម័យប្រជុំជាលើកដំបូងនៃ "ទិវាយុវជនពិភព លោក" រៀបចំឡើងដោយអង្គការសហប្រជាជាតិ និងបានប្រកាសទទួលស្គាល់ និងគាំទ្រមូលនិធិសម្រាប់យុវជន នៃអង្គការសហប្រជា ជាតិ ព្រមទាំងបង្កើតបានភាពជាដៃគូជាអង្គការអន្តរជាតិសម្រាប់យុវជននានាជុំវិញពិភពលោក។

សូមបញ្ជាក់ផងដែរថា អំណោយរបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ សម្រាប់វិទ្យាល័យចំនួន២២ ក្នុងខេត្តដែលបានប្រឡងប្រជែងតាំងពីព័រណ៍វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា សម្រាប់ជ័យលាភីទី១ ទទួលបាន ១,០០០,០០០រៀល ជ័យលាភីទី២ ទទួលបាន ៧០០,០០០រៀល ជ័យលាភីទី៣ ទទួលបាន ៥០០,០០០រៀល ចាប់ពីលេខ៤រហូតដល់លេខ២២ ទៅទទួលបាន ៣០០,០០០រៀល សរុបទាំងអស់ចំនួន ៧,៩០០,០០០ រៀល៕

អត្ថបទទាក់ទង