(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីបុណ្យអុំទូក ព្រមទាំងមានការបណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៌ ភូមិមួយផលិតផលមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧,៨,៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ស្ថិតនៅកស្សិនទឹករមនីយដ្ឋានប្រវត្តិសាស្ត្រហ្លួនព្រះស្តេចកន នៅភូមិព្រៃនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ក្រុមការងារ ដែលមានគណៈកម្មការបុណ្យអុំទូកខេត្ត ត្រូវធ្វើការរៀបចំចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំពិធីអុំទូកនេះ ជាក់ស្ដែងត្រូវចុះពិនិត្យមើលទីតាំងវេទិការ ដែលត្រូវរកទីតាំងណាមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងដើម្បីកុំឱ្យបង្កលក្ខណៈរាំងស្ទះការធ្វើចរាចរណ៍តាមផ្លូវសាធារណៈផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បន្តថា មន្ទីរ/អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរួចជាស្រេចក្នុង ការរៀបចំតុបតែងលំអ និងក៏ដូចជាត្រៀមទូក(ង) សម្រាប់ចូលរួមនាឱកាសថ្ងៃបុណ្យអុំទូកនេះ ឱ្យកាន់តែអធិកអធមផងដែរ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវខិតខំស្វែងរកទូក(ង) ឬទូកបុរាណនានាដែលអាចអុំប្រណាំងបានមាននៅមូលដ្ឋានរបស់ខ្លួន ឱ្យមកចូលរួមពិធីនេះដែរ ដើម្បីបង្កលក្ខណៈកាន់តែសប្បាយផង និងដើម្បីបង្ហាញដល់ប្រជាពលរដ្ឋអំពីប្រភេទទូកដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។
បន្ថែមពីនេះ ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ក្រុមការងារតុបតែងលំអរ ត្រូវតែចាប់ផ្ដើមសិក្សា រៀបចំការតុប តែងលំអរនៅទីតាំងដែលប្រារព្ធពិធីអុំទូក ឱ្យមានភាពស្រស់ស្អាតត្រៀមទទួលប្រជាពលរដ្ឋមកកំសាន្តខេត្តត្បូងឃ្មុំ ទទួលបានភាពសប្បាយរីករាយ អធិកអធម ឱ្យបានច្រើនកុះករ៕










