(ត្បូងឃ្មុំ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន៣០,២៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៣៩៦គ្រួសារ ក្នុងឃុំទន្លេបិទ ឃុំជីរោទ៍ទី ១ និងឃុំជីរោទ៍ទី ២ ក្នុងស្រុកត្បូងឃ្មុំ ។
ពិធីជួបសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តទន្លេបិទ ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន- អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ថ្លែងនាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទទ
ក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងដោះស្រាយឲ្យបានទាន់ពេលវេលា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
ឯកឧត្តម រដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់ពូជស្រូវជូនបងប្អូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវ របស់បងប្អូន ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញពីការយល់ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។
ឯកឧត្តម ឌិត ទីណា បានណែនាំដល់ លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរ ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានចូលរួមជួយសង្គ្រោះ ដោយបានជម្លៀសបងប្អូនប្រជាពលរដ្ឋឲ្យមានសុខសុវត្ថិភាព ថែមទាំងបានផ្ដល់នូវស្បៀងអាហារគ្រប់គ្រាន់ និងបានដោះស្រាយនៅបញ្ហាប្រឈមពីគ្រោះទឹកជំនន់ថែមទៀត ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តថា ការបន្តផ្ដល់ជូនពូជស្រូវ នេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះ បន្ទាប់គ្រោះទឹកជំនន់នេះផងដែរ៕














