(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ បន្តចុះសំណេះសំណាល នាំយកស្រូវពូជ ជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រមាណ១៥៩,១៥០គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ចែកជូនប្រជាកសិករប្រមាណ២០៨០គ្រួសារ នៅឃុំចំនួន១០ រួមមានឃុំទ្រា ព្រែកអាជី ក្រូចឆ្មារ ជំនីក រកាខ្នុរ កំពង់ទ្រាស ឈូក ប៉ើស១ ស្វាយឃ្លាំង និងឃុំប៉ើស២ ក្នុងស្រុកក្រូចឆ្មារ ដែលបានធ្វើការចែកនៅ០៣ទីតាំងផ្សេងគ្នា។
មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ស្រូវពូជទាំងអស់នេះ ត្រូវបានដឹកជញ្ជូនមកដល់ភ្លាម រដ្ឋបាលខេត្តបាននាំយកចែកជូនបងប្អូនភ្លែតតែម្តង ដើម្បីឲ្យបានទាន់រដូវកាលដាំដុះស្តារឡើងវិញ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា កន្លងមកការជួបជុំគ្នាតែងជាព្រឹត្តិការណ៍សប្បាយរីករាយ តែការជួបគ្នាពេលនេះ ជារឿងមួយផ្សេង ដោយសារបងប្អូនជួបការលំបាកខូចខាតដំណាំស្រូវ ហើយខ្វះពូជស្រូវដាំស្តារឡើងវិញ។ តែការលំបាកនេះ ក៏ជាការលំបាករបស់រាជរដ្ឋាភិបាល ទើបសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រេចផ្តល់ពូជស្រូវអន្តរាគមន៍សង្គ្រោះបន្ទាន់ នាពេលនេះ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បន្តថា៖ ជាក់ស្ដែងថ្ងៃនេះ សម្ដេចបានបញ្ជូនក្រុមការងារចម្រុះ ថ្នាក់ខេត្តចុះសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវសែនក្រអូប និងពូជស្រូវOMមកចែកជូនប្រជាកសិកររងការខូចខាតដោយគ្រោះទឹកជំនន់ នៅភូមិសាសន៍ខេត្តត្បូងឃ្មុំ ដេីម្បីឲ្យបងប្អូនកសិករយកទៅស្ដាឡេីងវិញ ឲ្យបានទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ បានបញ្ជាឲ្យក្រសួងកសិកម្ម ចុះមកបង្រៀនបច្ចេកទេស ដាំដុះនូវប្រភេទពូជស្រូវនេះជូនប្រជាកសិករ ដេីម្បីឲ្យប្រជាកសិសករយេីងទទួលបានទិន្នផលខ្ពល់មួយកម្រិតទៀត។
ឯកឧត្តមបណ្ឌិត បន្ថែមថា បើទោះបីការដោះស្រាយជូននេះមិនច្រើនពិតមែន តែនៅពេលប្រមូលផលវិញ វានឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបាន។
ចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការកោតសរសេីរយ៉ាងខ្លាំង ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្បាក់ខេត្ត-ស្រុក ជាពិសេសក្រុមប្រឹក្សា-មេឃុំ មេភូមិ ដែលតែងតែបានយកចិត្តទុកដាក់ចុះដល់មូលដ្ឋានដេីម្បីជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេមេគង្គ និង ទឹកភ្លៀង បានទាន់ពេលវេលា៕












