រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ តម្លៃជាង១.៣លានដុល្លារ នៅស្រុកមេមត់

  • 386
  • ដោយ Admin

(ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តនិគ្រោធសាមគ្គីរាម ហៅវត្តទំនប់ជ្រៃ ភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែងជាង១០ ឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ ។

ក្នុងឳកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានសមិទ្ធផលជាអនេកដើម្បីបន្តការអភិវឌ្ឍ និងជំរុញខឿនសេដ្ឋកិច្ចខេត្ត ឲ្យមានការរីកចម្រើន លើគ្រប់វិស័យតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានផ្ដល់អាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង »។
ខេត្តត្បូងឃ្មុំ មានផ្លូវដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអភិវឌ្ឍជនបទ សរុបចំនួន៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២,៤៩៦គីឡូម៉ែត្រ ផ្លូវប្រភេទបេតុងអាមេចំនួន៦ខ្សែ មានប្រវែង៧៣គីឡូម៉ែត្រ (ដៃគូអភិវឌ្ឍន៍រដ្ឋាភិបាល និងADB និងWB ) និងផ្លូវប្រភេទកៅស៊ូ ២ជាន់ មានចំនួន២៧ខ្សែ មានប្រវែងសរុប៤៤០គីឡូម៉ែត្រ (ដៃគូអភិវឌ្ឍជំនួយគ្មានសំណង់របស់សាធារណៈរដ្ឋប្រជាមានិតចិន ADB និងWB ) ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ក្នុងឆ្នាំ២០២២នេះ ខេត្តត្បូងឃ្មុំ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអនុវត្តគម្រោងស្ថាបនាផ្លូវ ( កៅស៊ូ បេតុង គ្រួសក្រហម និងផ្លូវដី ស )សរុបចំនួន ៧១ខ្សែ ប្រវែងសរុប៦៨៧,១៨គីឡូម៉ែត្រ ។ ឆ្នាំ២០២៣ បានសិក្សាគម្រោងស្ថាបនាផ្លូវ ក្រាលកៅស៊ូ២ជាន់ សរុបចំនួន៣២ខ្សែ ប្រវែងសរុប១៨២,៨៦គ.ម ។
ជាមួយគ្នានោះដែរ នៅស្រុកមេមត់ បានទទួលសមិទ្ធផលផ្លូវចំនួន ០១ខ្សែ ប្រវែង ១០,២៧៨ម៉ែត្រ របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(NRRPCP) នៃក្រសួងអភិវឌ្ឍជនបទ ដែលនិងបើកការដ្ឋានស្ថាបនា នាពេលបន្តិចទៀតនេះ ។ ដោយឡែកក្នុងឆ្នាំ២០២២ ស្រុកមេមត់ តាមរយៈមន្ទីរអភិវឌ្ឍន៍បទខេត្ត បានអនុវត្តគម្រោងស្ថាបនា ផ្លូវ (កៅស៊ូ គ្រួសក្រហម និងផ្លូវដីស )សរុបចំនួន១៤ខ្សែ ប្រវែង ១០៩.០២គីឡូម៉ែត្រ ។ នៅឆ្នាំ២០២៣ បានសិក្សាគម្រោងស្ថាបនាផ្លូវ ក្រាលកៅស៊ូ ០២ជាន់ សរុបចំនួន០៧ខ្សែ ប្រវែងសរុប៦៥.៨២គីឡូម៉ែត្រ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីបានថ្លែងថា៖ ផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះ មានទីតាំងមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ទៅដល់ភូមិថ្មទទឹង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ម៉ែត្រ ដែលក្នុងនោះប្រវែង ៩ គីឡូម៉ែត្រ និង៩៥៣ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និង៣២៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង។

ផ្លូវនេះមានទទឹងប្រវែង ០៦ ម៉ែត្រ និងមានសំណង់លូប្រអប់ចំនួន ០២កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ០៧ កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន ០៥កន្លែង លូអក្សរអ៊ុយប្រវែងសរុប ៣៤០ម៉ែត្រ និងបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្តោយខ្សែផ្លូវ ដូចជា ស្លាកសញ្ញាចរាចរណ៍មានចំនួន ៥៨កន្លែង គំនូសតាមអ័ក្សផ្លូវ និងគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ផ្លូវចំនួន ០២ កន្លែង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងទៀតថា៖ ផ្លូវនេះគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ក្នុងថវិកាសរុប ១ ៣៩៣ ៨៩៦, ៣៩ ដុល្លារអាមេរិក។

ឯកឧត្ដមបណ្ឌិត បានបន្តថា៖ នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ផ្ដល់ឪកាស និងមានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀតដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩ ។

គម្រោងនេះអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៥គឺ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តកោះកុង ដែលគម្រោងនឹងស្ថាបនាផ្លូវសរុបប្រវែង ២៣៥ គ.ម ក្នុងនោះផ្លូវចាក់កៅស៊ូប្រវែង ១៨៥ គ.ម និងផ្លូវបេតុងប្រវែង ៥០ គ.ម សាងសង់ស្រះ សហគមន៍ចំនួន ១៥០ ស្រះ និងផ្តល់ឱកាសការងាររយៈពេលខ្លីជូនប្រជាពលរដ្ឋនៅជនបទចំនួន ៥០ ០០០គ្រួសារ និង ១៥០ ០០០ គ្រួសារផ្សេងទៀត នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយអនាម័យ៕

អត្ថបទទាក់ទង