(ត្បូងឃ្មុំ)៖ ព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច នៅកស្សិណទឹករមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកន ដែលរដ្ឋបាលខេត្តត្បូងឃ្មុំរៀបចំឡើង រយៈពេលពេញ១ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ឆ្នាំ២០២២នេះ ត្រូវបានបញ្ចប់ដោយភាពសប្បាយយ៉ាងក្រៃលែង។
ខណៈរដ្ឋបាលខេត្តប្រារព្ធមួយទីតាំងទៀតនៅមុខសាលាខេត្តរយៈពេល៣ថ្ងៃ ៧-៨-៩ មានការរៀបចំតំបន់ត្រជាក់ចិត្ត( រាំ លេងទឹក) តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស និងបាញ់កាំជ្រួច។
ពិធីដ៏សប្បាយកងរំពងយ៉ាងអធិកអធមនេះប្រព្រឹត្តិទៅដោយមានពិធីក្រុងពាលី ពិធីបើកការប្រកួត និងប្រគល់ពានរង្វាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ។
ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង០៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ក្រុមកីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ជាលទ្ឋផលការប្រកួតប្រណាំងទូកងខ្នាតអន្តរជាតិ ទូកផ្កាចារ ទូកត្នោត និងខ្ទះត្នោត -ជ័យលាភីលេខ១បានទៅលើទូកងចំនួន៤ទូក រួមមាន ៖ សាមគ្គសែនជ័យបារមីបុទុមមុនី សសយក សែនជ័យបារមីតេជោ ត្បូងឃ្មុំក្រុងថ្មីសម័យតេជោ នាគរាជអង្គហួចវិហារធំ ទទួលបានពានធំ១ ទង់ជ័យលាភី១ និងថវិកាចំនួន២លាន៥០ម៉ឹនរៀល -លេខ២ បានទៅលើទូកងចំនួន ៤ទូក រួមមាន ពន្ធនាគារខេត្តត្បូងឃ្មុំមហាសែនជ័យ មហានាគសែនជ័យបារមីអ៊ិច១៦ ព្រះខ័នរាជសែនជ័យ ស្រីសដូនតីបារមីវត្តដំរើល ទទួលបានពាន១ និងថវិកា២លានរៀល និង-លេខ៣ ជ័យគិរី បុប្ផាក្រូចឆ្មារសេរីឧត្តម រកាធំសែនជ័យបារមីលោកតាតំបូងប្រាំ សាធារណៈការដំរីសមានជ័យបារមីរិទ្ធ ទទួលបានពានជ័យលាភី១ និងថវិកា១លានរៀល ចំណែកទូកដែលមិនបានជាប់លេខ ក្នុងមួយទូកទទួលបានថវិកាលើកទឹកចិត្តចំនួន៥០ម៉ឺនរៀល ដោយឡែកកីឡាករអុំ ទូកកត្តិយស ទទួលបានថវិការចំនួន៥០ម៉ឺនរៀល ទូកត្នោត ១០ម៉ឺនរៀល និងខ្ទះត្នោត៥ម៉ឺនរៀល ក្នុងការលើកទឹកចិត្ត។
បើតាមរបាយការណ៍របស់ អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឱ្យដឹងថា មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួនសរុបប្រមាណ ២៣៣,៩៨៦នាក់ ស្រី១៣៦,៧៧៥នាក់ ភ្ញៀវអន្តរជាតិក្នុងស្រុក០៩នាក់។ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានភ្ញៀវសរុប៣,៥០៨នាក់ មានការកើនឡើងចំនួន៦៥៧០.០៦ %។
សូមរំលឹកផងដែរថាក្រោមការដឹកនាំរបស់សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព ទើបរដ្ឋបាលខេត្តត្បូងឃ្មុំអាចរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែបាន រួមនិងការដឹកនាំរៀបចំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចំណាយថវិកាផ្ទាល់ខ្លួន ញាំងកម្មវិធីនេះប្រកបដោយភាពសប្បាយរីករាយជាអណេក និងទទួលបានការសារទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ៕































