រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តត្បូងឃ្មុំ បើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទក្រាលបេតុង ប្រវែងជាង១០គីឡូម៉ែត្រ នៅក្នុងស្រុកក្រូចឆ្មារ

  • 839
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ ជាចំណងដៃថ្មីមួយដែលរាជរដ្ឋាភិបាលផ្ដល់ជូន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ តំណាងកងវិស្វកម្មក្រសួងការពារជាតិ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។

ក្នុងឳកាសនោះ ឯកឧត្ដម គង់ ភឿន ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍ថា៖ ផ្លូវបេតុងដែលកំពុងប្រារព្ធពិធីស្ដារឡើងវិញនាពេលនេះ មានប្រវែង ១១ គីឡូ និង ៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ មានចិញ្ចើមផ្លូវប្រវែង ១ ម៉ែត្រ អមសងខាងផ្លូវ ដែលមានទីតាំងតភ្ជាប់ពីឃុំទ្រា រហូតទៅដល់ឃុំក្រូចឆ្មារ ត្រង់ចំណុចស្ពានព្រែកតាឌួង ក្នុងភូមិសាស្រ្ដស្រុកក្រូចឆ្មារ ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ។

ឯកឧត្ដម គង់ ភឿន បានបន្តថា៖នៅឆ្នាំ២០១២ ផ្លូវនេះត្រូវបានស្ថាបនាដោយក្រាលកៅស៊ូ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី មានទទឺងប្រវែង ៥ ម៉ែត្រប៉ុណ្ណោះ មានស្ថានភាពតូចចង្អៀត មានចរាចរច្រើន រួមទាំងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងនោះ ធ្វើឲ្យផ្លូវនេះទទួលរងការខូចខាត។ ការស្ដារឡើងវិញកំណាត់ផ្លូវនេះគឺស្របពេលដែលកំណាត់ផ្លូវបេតុងចាប់ពីគល់ស្ពានគីហ្សុណាមកដល់ភូមិសាស្រ្ដឃុំទ្រា បានសាងសង់រួច និងមានទំហំធំរួចជាស្រេច ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងបានសុំការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានគេហដ្ឋាន ឬធ្វើដំណើរលើផ្លូវនេះ អាចនឹងជួបការលំបាក ឬហុយធូលីដីជាដើម នៅពេលផ្លូវនេះកំពុងស្ថាបនា ប៉ុន្តែនៅពេលស្ថាបនារួច ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរជាក់ជាមិនខាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយប្រើប្រាស់ថវិកាជាតិ ត្រូវប្រើប្រាស់រយៈពេលសាងសង់២៥ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលកិច្ចសន្យាស្ដារឡើងវិញដោយនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ក្រោមអាណាប័កថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់គោលបំណងគោលនយោបាយអភិវឌ្ឍន៍ផ្លូវជនបទ ថានៅឆ្នាំ២០៣០ គ្រប់ភូមិ ឃុំ ត្រូវបានតភ្ជាប់ មានផ្លូវប្រើប្រាស់គ្រប់គ្រាន់ និងយ៉ាងហោចណាស់ក៏បាន ៧៥% ដែរនៅក្នុងភូមិទូទាំងប្រទេសមានផ្លូវប្រើប្រាស់គ្រប់រដូវកាល។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានជំរុញដល់បងប្អូនអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវសិទ្ធិរបស់ខ្លួន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿងថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទទាក់ទង