រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសជាខេត្តអស់មីន ទី ៦ នៅទូទាំងប្រទេសកម្ពុជា

  • 810
  • ដោយ Admin

(ត្បូងឃ្មុំ) ៖ ពិធីប្រកាស«ខេត្តត្បូងឃ្មុំ អស់មីន» បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ តំណាងអង្គទូត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ និងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

មានមតិសា្វគមន៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍នូវស្ថានភាពទូទៅរបស់ខេត្ត និងក្រុមការងារបោសសម្អាតមីន NPMEC សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ពិសេសសម្តេចតេជោ គឺជានិម្មាបនករសន្តិភាពដ៏ឆ្នើម បានដឹកនាំនាវាកម្ពុជា មានសុខសនិ្តភាព ស្ថិរភាពនយោបាយ និងបានបង្កើតឱកាសដ៏មហាសាល សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ផ្អែកលើមូលដ្ឋាននេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងរួមគ្នាយកអស់កម្លាំងកាយ កម្លាំងចិត្ត រួមទាំងប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈមោះមុត និងជម្នះរាល់ការលំបាកគ្រប់ឧបសគ្គ ដើម្បីចូលរួមបន្តពង្រឹងថែរក្សា ការពារសន្តិភាព ស្ថិរភាព សុវត្ថិភាពសង្គមសណ្តាប់ធ្នាប់សាធារណៈក្នុងដែនសមត្ថកិច្ចខេត្ត និងមានទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ជាមួយប្រទេសជាប់ព្រំដែន ឱ្យកាន់តែរឹងមំាខ្លាំងក្លាថែមទៀតបានយ៉ាងល្អប្រសើរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងការចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាខេត្តអស់មីន ទី៦ នៅទូទាំងប្រទេស បន្ទាប់ពីខេត្តស្ទឹងត្រែង, ព្រះសីហនុ, ព្រៃវែង, កែប និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដោយហេតុថាខេត្តត្បូងឃ្មុំ គឺជាខេត្តដែលមានអតីតកាលនៃការប្រយុទ្ធគ្នា និងសោកនាដកម្មនៃការស្លាប់ របួស ពិការដោយសារសង្គ្រាម ក៏ដូចជាមានដានប្រវត្តិតស៊ូរបស់ សម្តេចតេជោ ព្រមទាំងឥស្សរជនជាតិជាច្រើនរូប ដើម្បីរំដោះជាតិ និងសង្គ្រោះប្រជាពលរដ្ឋ។

ឯកឧត្តមឧត្តមសេនីយ៍ឯក មានប្រសាសន៏គូសបញ្ជាក់ថា ខេត្តត្បូងឃ្មុំ អស់មីន មានន័យថា ប្រទេសកម្ពុជាឈានទៅមុខមួយជំហានបន្ថែមទៀត ដែលកាន់តែកៀកជិតទៅដល់ការអស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២៥។ កម្ពុជាអស់មីន ក៏មានន័យថា៖ ទី១. គឺប្រជាពលរដ្ឋខ្មែរ នឹងអស់ក្តីព្រួយបារម្ភភ័យខ្លាចអំពីការរងគ្រោះធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតដោយសារគ្រាន់មីនទៀតហើយ។ ទី២. គឺដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខរង់ចាំបង្កគ្រោះថ្នាក់ និងជាឧបសគ្គរារាំងដល់ការបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាងមួយលានគ្រាប់ ហើយអ្វីៗទាំងនេះមិនមែនមានតម្លៃត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្តែងដែលបានផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាការរំដោះផ្ទៃដីឱ្យក្លាយទៅជាធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។ យ៉ាងណាក៏ដោយ ទោះបីតួលេខនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែចំនួនដ៏តិចតួចដែលនៅសេសសល់ ក៏នៅជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភ និងអាចបង្កឱ្យមានសោកនាដកម្មបន្តទៅទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។ ដូច្នេះ សម្រាប់ទិសដៅទៅមុខ គឺទាមទារឱ្យយើងខិតខំរួមគ្នាបន្តដោះស្រាយជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ, ឃុំមួយ, ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា លទ្ធភាពដែលនាំឱ្យយើងអាចសម្រេចបានតាមចក្ខុវិស័យ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ០២ យ៉ាង៖ ទី១.ការបន្តដោះមីនដែលនៅសេសសល់ តាមរយៈការចូលរួមចំណែក និងការប្តេជ្ញាចិត្តរបស់គ្រប់តួអង្គ-ដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ស្របពេលដែលបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ បានប្តេជ្ញាចិត្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ ទី២. ការបញ្ឈប់ការដាក់មីនថ្មីតាមរយៈមធ្យោបាយតែមួយគត់ គឺការរក្សាឱ្យបាននូវសន្តិភាព។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធយុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរមករួបរួមគ្នាដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាមពីអតីតកាល។ ស្នាមញញឹមកើតមាននៅពេលដែលគ្រួសារបានរស់នៅជួបជុំគ្នា និងអាចប្រកបរបរទ្រទ្រង់ជីវភាពដោយក្តីសុខសាន្ត ហើយបើមានការបែកបាក់ព្រាត់ប្រាសគ្នា គឺមានតែទុក្ខសោកប៉ុណ្ណោះ៕

អត្ថបទទាក់ទង