(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ និងដើម្បីជាការបង្ហាញនៅភាពស្និទស្នាលក្នុងនាមជាមហាគ្រួសារតែមួយ ហើយក៏ជាលើកដំបូង សម្រាប់ការបង្ហាញខ្លួនជាអភិបាលខេត្តត្បូងឃ្មុំថ្មីផងដែរ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាល ទីចាត់ការ សាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករ នៃរដ្ឋបាលសាលាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា សូមបងប្អូនធ្វើការដោយមានសាមគ្គីភាពផ្ទៃក្នុង តាមមូលបទ <<ក្រុមគ្រួសារខេត្តត្បូងឃ្មុំតែមួយ>>។គ្រប់មន្ត្រីទាំងអស់ សូមមានការរួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើឱ្យមានសាមគ្គីភាព និងភាពរីកចម្រើនសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំយើង។
មួយវិញទៀតនោះ ឯកឧត្តមអភិបាលខេត្ត ក៏ស្នើឱ្យលោកនាយករដ្ឋបាល និងនាយកទីចាត់ការធនធានមនុស្សរៀបចំពិនិត្យ មើលលទ្ធភាពមន្រ្តីជាប់កិច្ចសន្យាចំណុះរដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យមានតម្លាភាពនិងសមភាពរវាងគ្នានិងគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តលើកឡើងនៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយឯកឧត្តមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជីកព្រែកជីកហ្វូណនតេជោ ហើយសូមស្នើឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គាំទ្រលើគម្រោងព្រែកជីហ្វូណនតេជោនេះ ព្រោះព្រែកជីកហ្វូណនតេជោនេះ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផ្លូវទឹកដោយខ្លួនឯងលើកដំបូងបង្អស់ ហើយវាក៏ធ្វើឱ្យមានភាពរីកចម្រើនទាំងផ្នែកការទូតទំនាក់ទំនងទីផ្សារសេដ្ឋកិច្ចកម្ពុជាផងដែរ។
ឯកឧត្តម ប៉ែន កុសល្យ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីខ្នាតធំដើម្បីធ្វើការអបអរសាទរចំពោះការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយធ្វើការអុជកាំជ្រួច ទូងស្គរ វាយគង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។
ជាចុងក្រោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានស្នើឱ្យមន្ត្រីរាជការទាំងអស់ រក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំយើងទទួលបានភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត៕








