(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន-ត្បូងឃ្មុំ មានទីតាំងនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
ការចុះពិនិត្យការស្ថានភាព វឌ្ឍភាព និងសម្ភារៈបរិក្ខារនេះ អមដំណើរដោយ ប្រតិភូក្រសួងសុខាភិបាល និងមន្ទី-អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ បន្ទាប់ពីការធ្វើបទបង្ហាញរបស់លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា ចិន-ត្បូងឃ្មុំរួចមក ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាបុគ្គលិក សុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈ និងមានភាពរីករាយរាកទាក់។
នៅថ្ងៃដដែលនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដំណើរ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្ត។
ក្នុងនោះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធ។
តាមរយៈរបាយការសង្ខេបរបស់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងនូវស្ថានភាពភូមិសាស្រ្ត និងរំលេចពីការវិវត្តន៍នៃកំណើនប្រជាសាស្ត្រ និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល។
ជាពិសេសរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ឱកាសឲ្យវិស័យសុខាភិបាលខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំរហូតដល់តំបន់ដាច់ស្រយាល។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការអញ្ជើញរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃក្រសួង មកលើថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលកំពុងបម្រើកសេវាជូនប្រជាពលរដ្ឋផ្ទាល់ និងនៅមូលដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូពេទ្យ ធ្មប និងមន្រ្តី សុខាភិបាលទាំងអស់ ដែលបានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ មិនគិតថ្ងៃឈប់សម្រាក យប់ឬថ្ងៃ នៅតែប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈជាគ្រូពេទ្យ ដែលបានដើរតួរនាទីសំខាន់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងបុគ្គលិក ក្នុងវិស័យសុខាភិបាលទាំងអស់ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញបន្ថែមទៀត ដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យ ថ្នាក់ជាតិផងដែរ ។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ឱ្យបានកាន់ប្រសើរថែមទៀតបន្ថែម ដើម្បីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់ ។
បន្ថែមលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានសំណូមពរដល់ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕



















