(ត្បូងឃ្ម): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការណែនាំនិងបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឲ្យខានតែបានលើក្មេងទំនើង បង្កអនាធិបតេយ្យ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហាមដាច់មិនអោយមានអ្នកអន្តរាគមន៍ឡើយ។
មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកមេមត់ ។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាល/អភិបាលរងស្រុកមេមត់ កងកម្លាំងទាំង៣ប្រភេទ មន្ទីរ-អង្គភាព មេឃុំ មេប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ចំពោះបញ្ហាក្មេងទំនើង និងគ្រឿងញៀន ជាពិសេសសារធាតុញៀនប្រភេទថ្មី ដែលផលិតពីរុក្ខជាតិម្យ៉ាងឈ្មោះថា ខាត(KHAT) ដែលក្រសួងសុខាភិបាលអះអាងថា ជារុក្ខជាតិ មានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ដែលរាជរដ្ឋាភិបាល យើងហាមឃាត់ក្នុងការដាំនាំចេញ-នាំចូល និងប្រើប្រាស់ប្រសិនបើក្នុងភូមិ ឃុំ ស្រុករបស់យើង ពិនិត្យឃើញថាមានការដាំចែកចាយ និងប្រើប្រាស់ ត្រូវធ្វើការចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងឡើយ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកមេមត់ទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកមេមត់ទាំងមូល។ ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្ត ដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យល្អប្រសើរ ការពារឲ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ៕