(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាល/អភិបាលរងស្រុក មេឃុំ មេប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានស្រុករបស់ខ្លួន។
ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកត្បូងឃ្មុំ ត្រូវសហការជាមួយមន្ទីរ/អង្គភាពពាក់ព័ន្ធ បន្តជម្រុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធអោយបានឆាប់រហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដីធ្លី ។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកត្បូងឃ្មុំទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកទាំងមូល។ ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្ត ដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យល្អប្រសើរ ការពារឲ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសថានឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច រយៈពេល៥ថ្ងៃ ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕








